ពិធីសូត្រមន្តលើករាសីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ ដឹកនាំ ដោយ លោក ជា វុធ ប្រធាននាយកដ្ឋាន ដោយមានការចូលរួមសហការពីលោក លោកស្រី ជាអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីពាក់ព័ន្ធ បានរៀបចំពិធីសូត្រមន្តលើករាសីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ កាលពីថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ស្ថិតក្នុងបរិវេណនាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ។

កម្មវិធីនេះ បានប្រារព្ធទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងបាននិមន្តព្រះសង្ឃចំនួន៤អង្គ ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ជាកិច្ចជូន ដំណើរឆ្នាំចាស់ និងទទួលអំណរសាទរឆ្នាំថ្មី។

នៅក្នុងពិធីនេះដែរ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ បានប្រគេននូវទេយ្យវត្ថុ និងបវារណាចតុបច្ច័យ ថ្វាយចំពោះព្រះសង្ឃគ្រប់អង្គជាកិច្ចបំពេញកុសល និងបួងសួងសុំសេចក្តីសុខចម្រើន ជោគជ័យលើគ្រប់កិច្ចការងារ សូមកើត មានចំពោះមហាគ្រួសារនាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅទាំងមូល ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ចាប់តាំងពីឆ្នាំថ្មីចូលមកដល់ និងជានិច្ចនិរន្តរ៍តរៀងទៅ៕