អំពីនាយកដ្ឋាន
គោលដៅនៃការអប់រំ គឺកសាងមូលធនមនុស្សប្រកបដោយភាពជាពលរដ្ឋពេញលេញ និងភាពជាពលរដ្ឋសកល តាមរយៈការផ្តល់សេវាអប់រំប្រកបដោយគុណភាព។ ការពង្រឹងគុណភាពអប់រំ ត្រូវធ្វើឡើងនៅ គ្រប់ដំណាក់កាលនៃការលូតលាស់របស់កុមារ ក្នុងនោះការអប់រំនៅកម្រិតមធ្យមសិក្សានឹងផ្តោតលើការអភិវឌ្ឍ បុគ្គលិកលក្ខណៈរបស់សិស្សានុសិស្សឱ្យប្រកបដោយចំណេះដឹង បំណិន និងជំនាញសតវត្សទី២១ និងមានសីលធម៌ ឥរិយាបថល្អ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់បន្តការសិក្សាទៅកម្រិតឧត្តមសិក្សា។ នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រសួងអប់រំ យុវជន និងកីឡាបានកំណត់អាទិភាពក្នុងការ បន្តធ្វើកំណែទម្រង់សាលារៀន ដែលក្នុងនោះក្រសួងនឹងពង្រឹងការគ្រប់គ្រងតាមសាលារៀនឆ្ពោះទៅលើកកម្ពស់ លទ្ធផលសិក្សារបស់សិស្ស ការផ្លាស់ប្តូរវប្បធម៌សាលារៀន និងការពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អរបស់បុគ្គលិកអប់រំ និងសិស្សានុសិស្ស[1] ។
ការអប់រំចំណេះទូទៅ ជាការអប់រំមូលដ្ឋានសម្រាប់ឱ្យអ្នកសិក្សាអាចបន្តការសិក្សា និងទទួលបានការបណ្តុះបណ្តាលកម្រិតផ្សេងៗទៀត។ ការអប់រំចំណេះទូទៅរួមមាន៖ ការអប់រំបឋមសិក្សា (ភូមិសិក្សាទី១ ពីថ្នាក់ទី១ដល់ថ្នាក់ទី៦) នៃកម្មវិធីអប់រំក្នុងប្រព័ន្ធ ឬ ការអប់រំកម្រិតសមមូល និង ការអប់រំមធ្យមសិក្សា (ភូមិសិក្សាទី២ ពីថ្នាក់ទី៧ ដល់ ថ្នាក់ទី១២)។ ការអប់រំមធ្យមសិក្សាមានពីរដំណាក់កាល ដំណាក់កាលទី១ នៅកម្រិតមធ្យមសិក្សាបឋមភូមិ (ពីថ្នាក់ទី៧ ដល់ ថ្នាក់ទី៩) និង ដំណាក់កាលទី២ មធ្យមសិក្សាទុតិយភូមិ (ពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២)។ ការអប់រំកម្រិតមូលដ្ឋាន ត្រូវកំណត់ ៩ឆ្នាំ ចាប់ពីថ្នាក់ទី១ ដល់ ថ្នាក់ទី៩ នៃការអប់រំចំណេះទូទៅក្នុងប្រព័ន្ធ ឬ ការអប់រំកម្រិតសមមូល។ ការអប់រំមធ្យមសិក្សាត្រូវបណ្តុះបណ្តាលបុគ្គលិកលក្ខណៈពេញលេញដោយ ពង្រីកវិសាលភាពចំណេះដឹង បំណិន ការអប់រំវិជ្ជាជីវៈ ការអប់រំសីលធម៌ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងមានលក្ខណៈសម្បត្តិបន្តការសិក្សាទៅឧត្តមសិក្សា ឬ បណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ឬចូលរួមក្នុងជីវភាពសង្គម[2] ។
គ្រឹះស្ថានអប់រំចំណេះទូទៅ និងថ្នាក់បណ្តុះបណ្តាលទាំងអស់ត្រូវមានអាជ្ញាប័ណ្ណអប់រំជាមុនទើបមានសិទ្ធិដំណើរការបាន។ គ្រឹះស្ថានអប់រំចំណេះទូទៅ មានប្រព័ន្ធអប់រំពេញលេញ ឯកភាព និងស្វ័យភាព សម្រាប់ដំណើរការកម្មវិធីអប់រំក្នុងប្រព័ន្ធ ការអប់រំក្រៅប្រព័ន្ធ និងការអប់រំមិនផ្លូវការ ដោយស្របតាមចក្ខុវិស័យ គោលនយោបាយ ស្ថិតិ និងសូចនាករ ក្រសួងអប់រំ យុវជន និងកីឡា[2]
[1] https://moeys.gov.kh/kh/general-secondary-education
[2] ច្បាប់អប់រំ